ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ជាផ្លូវការ បេសកកម្មសំអាតទន្លេរយ:ពេល៥ឆ្នាំ ២០២៣ ដល់ ២០២៨
{ភ្នំពេញ} ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានអញ្ជើញសម្ពោធដាក់ជាផ្លូវការ បេសកកម្មសំអាតទន្លេរយ:ពេល៥ឆ្នាំ ២០២៣ ដល់ ២០២៨ នៅវេលាព្រឹកថ្ងៃពុធ ១១កើត ខែផល្គុនព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅសួនច្បារតេជោមាស តេជោយ៉ត ខាងមុខវត្តឧណ្ណាលោម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានចូលរួម ពីឯកឧត្ដម លោកជំទាវ យុវជន សសយក យុវជនកាយរឹទ្ធិ ក្រសួង អង្គការ វិស័យឯកជន វិស័យអប់រំ សាធារណៈជន និងស្ថាប័នពាក់ព័ន្ធ ។គូសបញ្ជាក់ផងដែរថា ក្រសួងបរិស្ថាន បានដាក់ចេញនូវ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣ -២០២៨ ដោយអនុលោមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្នុងគោលបំណង លើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព ដោយមានមុំចំនូនបី រួមមាន «ភាពស្អាត ភាពបៃតង និងចីរភាព» ។ ក្រសួងបរិស្ថានបានឲ្យអទិភាពលើការរៀបចំ និងអនុវត្តវិធានការណ៍សម្អាត សំណល់រឹង ជាពិសេសប្លាស្ទិក ដែលធ្វើឲ្យប៉ះពាល់ដល់ បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈ ក្នុងបឹង ទន្លេសាប ទន្លេមេគង្គ និងប្រភពទឹកនានាផងដែរ ។
ថ្លែងក្នុងឱកាសសម្ភោធដាក់ជាផ្លូវការ បេសកកម្មសំអាតទន្លេ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក៏សូមថ្លែងអំណរគុណដល់ប្រតិភូក្រុមហ៊ុន Leader Energy ដែលបានធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី មកចូលរួមកម្មវិធី «ចាប់ផ្តើមបេសកកម្មសម្អាតទន្លេកម្ពុជា» និងក្រុមការងារក្រុមហ៊ុន Leader Energy និងអង្គការ River Ocean Clean Up បានចំណាយពេលវេលា និងធនធានចូលរួមជាមួយ នឹងក្រសួងបរិស្ថាន ក្នុងការលើកស្ទួយវិស័យបរិស្ថាន និងភាពស្អាតនៃបរិស្ថានកម្ពុជា តាមរយៈ ការចាប់ផ្តើម បេសកកម្មសម្អាតទន្លេកម្ពុជានេះ ។
ឯកឧត្ដមបណ្ឌិត បានបន្ដផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឳ្យចូលរួមគាំទ្រ យុទ្ធសាស្រ្តរបស់ ក្រសួងបរិស្ថាន ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនូវយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នេះជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការតាំងចិត្តរបស់យើងទាំងអស់គ្នា អាចធានាបានថា ទន្លេរបស់យើងនៅតែបន្តហូរ បន្តផ្តល់ក្តីសង្ឃឹម ជីវិត និងភាពធន់ សម្រាប់មនុស្សទាំងពេលបច្ចុប្បន្ន និងជំនាន់ក្រោយ ដើម្បីចូលរួមថែរក្សា បរិស្ថានកម្ពុជា ជាពិសេស ត្រូវចេះចូលរួមថែរក្សា ការពារ និងចេះធ្វើ អនាម័យ ដើម្បីភាពស្អាត ។
មុននឹងបិទបញ្ចប់ពិធី ឯកឧត្ដមបណ្ឌិត រដ្ឋមន្ត្រី បានកាត់ខ្សែបូរណ៍ បេសកកម្មសំអាតទន្លេរយ:ពេល៥ឆ្នាំ ២០២៣ ដល់ ២០២៨ និងបានប្រលែងកូនត្រីចូលក្នុងទន្លេជានិមត្ដិរូបផងដែរ ៕















No comments